រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាខេត្តតាកែវ លើកទី៣៧ អាណត្តិទី៣
ភ្នំពេញ៖ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២២ មានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវ លើកទី៣៧ អាណត្តិទី៣ ជាមួយ រដ្ឋបាលខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំង លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករង ទីចាត់ចាត់ការចំណុះរដ្ឋបាលខេត្ត និងលោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានខេត្តតាកែវ ដែលបានជួយសម្រួលដល់ដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដំណើរការដោយរលួន មិនមានបាតុភាពណាមួយកើតឡើង ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោត និងបោះឆ្នោត រាប់សន្លឹកឆ្នោតឡើយ គឺប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌។
សូមជម្រាបជូនដែរថា របៀបវារៈសំខាន់ៗ ដែលបានដាក់ជូន កិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្ត រួមមាន៖
១, ការពិនិត្យ និងអនុម័តសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ ។
២, ការពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ ស្ដីពី ការអនុវត្តការងាររបស់ រដ្ឋបាលខេត្តតាកែវ។
៣, ប្រកាសពេលវេលា នៃកិច្ចប្រជុំលើកក្រោយ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២៕