ប្រជានេសាទ ៤រូប ដែលថៃចាប់យកទៅត្រូវបានដោះលែងមកវិញហើយ

កោះកុង៖ ពលរដ្ឋខ្មែរ ៤នាក់ ដែលជាអ្នកនេសាទ ហើយត្រូវកងទ័ពជើងទឹកថៃចាប់ទៅកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦កន្លងទៅ ត្រូវបានដោះលែងមកវិញហើយ។
យោងតាមហ្វេសប៊ុករបស់លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បញ្ជាក់ដូច្នេះនៅរសៀលថ្ងៃទី១១ ខែមករានេះថា សូមស្វាគមន៍បងប្អូនប្រជានេសាទទាំង៤រូបបានត្រឡប់មកផ្ទះយើងវិញហើយ នេះជាលទ្ធផល “ស្ងាត់តែមិនស្ងៀម”។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កងទ័ពជើងទឹកថៃ បានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ កំពុងនេសាទនៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា-ថៃ ដែលមិនទាន់ថមថយកម្ដៅជម្លោះ។
ភ្លាមៗ អាជ្ញាធរ និងងសមត្ថកិច្ចគ្រប់ថ្នាក់កំពុងធ្វើការដោះស្រាយជំរុញឱ្យភាគីថៃដោះលែងពួកគេមកវិញ និងបានអំពាវនាវប្រជានេសាទត្រូវនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្ររបស់កម្ពុជា ដោយត្រូវចៀសវាងការចូលទៅនេសាទជ្រៅ ដែលអាចធ្វើឱ្យភាគីថៃចោទប្រកាន់ថាប្រជានេសាទកម្ពុជាចូលនេសាទក្នុងដែនគ្រប់គ្រងរបស់គេ៕

