កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ឥណ្ឌា ត្រូវពន្យារពេល

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ឥណ្ឌា ត្រូវពន្យារពេល ពីព្រោះនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី មិនបានទូរស័ព្ទមកលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីសម្រេចអ្វីដែលមេដឹកនាំទាំងពីរចរចាគ្នា។
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធីអាជីវកម្ម និងបច្ចេកវិទ្យា លោក Lutnick បញ្ជាក់ថា «មានការរៀបចំអស់ហើយ ត្រូវការឱ្យតែលោក ម៉ូឌី ទូរស័ព្ទមកប្រធានាធិបតី។ ប៉ុន្តែអ្នកទាំងពីរដូចមិនសូវស្រួលចិត្ត។ ដូច្នេះលោក ម៉ូឌី មិនបានទូរស័ព្ទមកទេ»។
កិច្ចពិភាក្សាស្តីបញ្ហាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងឥណ្ឌា បានធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន ហើយលោក ត្រាំ បានដំឡើងពន្ធទ្វេដងលើទំនិញឥណ្ឌាដល់ ៥០ភាគរយនៅក្នុងខែសីហា ឆ្នាំមុន ដែលជាអត្រាខ្ពស់បំផុតរបស់ពិភពលោក រួមទាំងយកពន្ធ ២៥ភាគរយសម្រាប់ឥណ្ឌា ជុំវិញការបន្តទិញប្រេងពីរុស្ស៉ី។
ការអត្ថាធិប្បាយរបស់ លោក Lutnick បានធ្វើឡើងបន្ទាប់ពីលោក ត្រាំ បង្កើនសម្ពាធលើកិច្ចពិភាក្សា ជាមួយការព្រមានក្នុងសប្តាហ៍នេះថា ពន្ធអាចកើនឡើងថែមទៀត លុះត្រាតែឥណ្ឌាទប់ស្កាត់ការនាំចូលប្រេងពីរុស្ស៉ី៕
