ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីចុះ MoU ជំរុញការអភិវឌ្ឍកសិកម្ម និងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជន

ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ជាមួយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចគ្រួសារនៅជនបទ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមទាំងសមាគមបណ្តាញកសិករតេេជា ដែលពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្ដាល អ.ន.ក. ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម៕

