សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកព្រះអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ចែកជូនបងប្អូនប្រជាជនភៀសសឹកចំនួន ៣.៦០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពចំនួន២ ក្នុងខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានបង្កឱ្យមានប្រជាជនស៊ីវិលកម្ពុជារាប់ម៉ឺននាក់ មាន ទាំងស្ត្រីមានផ្ទៃពោះ ទារក កុមារ ជន ពិការ ចាស់ជរា បង្ខំចិត្តរត់ភៀសខ្លួនចាកចោលផ្ទះសម្បែង ទៅកាន់ទីតាំងមានសុវត្ថិភាព។ ដោយក្តីអាណិតអាសូរជាពន់ពេក ភ្លាមៗបន្ទាប់ពីបានទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមចំនួន ១០ម៉ឺនដុល្លារអាម៉េរិក អំពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ, នៅថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនជួយសម្រាលការលំបាកដល់ប្រជានុរាស្ត្រភៀសសឹកចំនួន ៣.៦០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពចំនួន២ ក្នុងចំណោមមណ្ឌលសុវត្ថិភាពចំនួន៦ នៃខេត្តឧត្តរមានជ័យ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងភ្លាមៗដោយមិនបង្អែបង្អង់ នាំយកព្រះរាជអំណោយផ្តល់ជូនបងប្អូនភៀសសឹកដែលកំពុងជួបការលំបាកនាពេលនេះ។
ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យ ខ្វល់ខ្វាយ គិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា និងគ្រប់ទីកន្លែង បើទោះបីជាព្រះអង្គទាំងទ្វេមិនបានយាងមកដោយផ្ទាល់ក៏ដោយ។ ជាពិសេសព្រះអង្គទាំងទ្វេ តែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាមវីរៈគំរូដ៏ថ្លៃថ្លារបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលតែងតែធ្វើជារៀងដរាបមក ដែលនេះសរបញ្ជាក់អំពីគុណធម៌ និងទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តមរបស់អង្គព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ របស់យើង។
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវក្តីអាណិតស្រឡាញ់ និងចែករំលែកនូវទុក្ខលំបាកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមឱ្យបងប្អូនគិតគូរថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តឱ្យបានល្អ ព្រោះថាពេលនេះបងប្អូនទាំងអស់បានមកដល់ទីកន្លែងមានសុវត្ថិភាពហើយ ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំរបស់យើងតែងតែគិតគូរជាប់ជានិច្ច និងនៅរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ជាចុងក្រោយ លោកជំទាវ បានបួងសួងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ឆាប់បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ និងប្រកបរបរ បំពេញកិច្ចការងារចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ។
សូមបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់អង្គព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ផ្តល់ជូនបងប្អូនប្រជារាស្ត្រភៀសសឹក ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

