ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ នៃកិច្ចប្រជុំលើកទី១៣ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ ដើម្បីពិនិត្យនិងពិភាក្សាលើកិច្ចការសំខាន់ៗដែលក្រុមលេខាធិការដាក់ជូន សម្រាប់បម្រើឱ្យកិច្ចប្រជុំលើកទី១៣ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅសណ្ឋាគាររ៉េស៊ីដង សុខា ភ្នំពេញ។
កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នេះ ដឹកនាំដោយសហប្រធានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានមន្រ្តីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដាំង យ័ងយ៉ាង អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានមន្រ្តីជាន់ខ្ពស់សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម លោក លោកស្រីនៃប្រទេសទាំងពីរជាច្រើនរូប។
សូមជម្រាបជូនថា កិច្ចប្រជុំលើកទី១៣ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ៕

