ក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត ចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត មកពីមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយ លោកវេជ្ជ. Lee In Sik នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye និងជាប្រធានមជ្ឈមណ្ឌលភ្នែក B&VIIT និងលោក Choi II Do ប្រធានអង្គការសហគមន៍ DAIL បានចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ជាលើកទី២ ដែលមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបុគ្គលិកសុខាភិបាល និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
ក្នុងដំណើរចុះត្រួតពិនិត្យ ការព្យាបាល និងវះកាត់ជំងឺភ្នែក របស់ក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត មកពីមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណៈរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ, ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ជូនចំពោះក្រុមគ្រូពេទ្យកូរ៉េទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកា សម្រាប់កិច្ចការងារមនុស្សធម៌ នៅលើទឹកដីខេត្តពោធិ៍សាត់ ជាលើកទី២ ពិសេសផ្តល់ជូនគ្រឿងវេជ្ជសាស្ត្រទំនើបៗដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យរបស់យើង មានឱកាសបន្តព្យាបាលដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលងងឹតភ្នែក មើលមិនឃើញ។
ក្នុងនាមអាជ្ញាធរដែនដី និងជួសមុខឱ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ឯកឧត្ដមសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកូរ៉េ ដែលបានបង្កលក្ខណៈ ឱ្យប្រជាជនយើងខ្ញុំបានមើលឃើញ និងសូមឱ្យម្ចាស់ទឹកម្ចាស់ដី ពិសេសទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ក្រុមគ្រូពេទ្យទាំងអស់ ឱ្យទទួលបានជោគជ័យ ក្នុងបេសកកម្មមនុស្សធម៌ដ៏ឧតុងឧត្តមសម្រាប់មនុស្សជាតិនេះ។
លោកវេជ្ជ. Lee In Sik នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye និងជាប្រធានមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណៈរដ្ឋកូរ៉េ បានឱ្យដឹងថា មជ្ឈមណ្ឌលភ្នែក B&VIIT, សហគមន៍ដាអ៊ីល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ គឺធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នារួចមកហើយ សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរ ដើម្បីទទួលបានប្រយោជន៍ និងជោគជ័យដល់គ្នាទៅវិញទៅមក ក្នុងកិច្ចជម្រុញការរីកចម្រើនជឿនលឿន នៃការថែទាំផ្នែកវេជ្ជសាស្ត្រ។
លោកវេជ្ជ. Lee In Sik ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ជូនចំពោះគណៈប្រតិរបស់លោក។ ជាមួយគ្នានោះ លោកក៏បានប្តេជ្ញានឹងបន្តចុះកិច្ចការងារមនុស្សធម៌ និងសហការគាំទ្រ ជម្រុញការរីកចម្រើនជឿនលឿន នៃការថែទាំផ្នែកវេជ្ជសាស្ត្រ រវាងមន្ទីរ ពេទ្យ GarngNam Eye និងមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ពិសេសជាមួយរដ្ឋបាលសាលាខេត្តពោធិ៍សាត់។
គួរជម្រាបជូនថា បេសកកម្មពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក របស់ក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត មកពីមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណៈរដ្ឋកូរ៉េ ដែលមានរយៈពេល៣ថ្ងៃនេះ ក្រុមគ្រូពេទ្យបានពិនិត្យអ្នកជំងឺ សរុបចំនួន៤៩នាក់ ក្នុងនោះប្រុស២៦នាក់ ស្រី២៣នាក់ និងធ្វើការវះកាត់ និងព្យាបាលអ្នកជំងឺ សរុបចំនួន៤០នាក់ ក្នុងនោះប្រុស១៩នាក់ និងស្រី២១នាក់ ដោយឆ្លងកាត់ម៉ាស៊ីនដ៏ទំនើបបំផុត មកពីប្រទេសកូរ៉េ៕
