ប្រធានក្រុមប្រឹក្សាអឺរ៉ុប៖ សហភាពអឺរ៉ុប នឹងបន្តគាំទ្រអ៊ុយក្រែនទាំងផ្នែកហិរញ្ញវត្ថុ និងយោធា ខណៈសាទរចំពោះ «សន្ទុះថ្មី» នៅក្នុងកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាម

លូអង់ដា៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa) បានសន្យានៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុប (EU) នឹងបន្តគាំទ្រអ៊ុយក្រែនទាំងផ្នែកហិរញ្ញវត្ថុ និងយោធា ខណៈដែលលោកបានសាទរចំពោះ «សន្ទុះថ្មី» នៅក្នុងកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាម។
ថ្លែងនៅរដ្ឋធានីលូអង់ដា ប្រទេសអង់ហ្គោឡា លោក កូស្តា បានបញ្ជាក់ថា «សហភាពអឺរ៉ុបប្តេជ្ញាបន្តផ្តល់ឱ្យប្រធានាធិបតី ហ្សេលេនស្គី នូវរាល់ការគាំទ្រដែលលោកត្រូវការ ទាំងការទូត យោធា និងសេដ្ឋកិច្ច»។
លោកបានសង្កត់ធ្ងន់ជាពិសេសលើការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយរំលឹកថា មេដឹកនាំ EU បានយល់ព្រមកាលពីខែមុនដើម្បីរ៉ាប់រងតម្រូវការហិរញ្ញវត្ថុរបស់អ៊ុយក្រែនសម្រាប់រយៈពេលពីរឆ្នាំខាងមុខ ហើយនឹងផ្តល់ជូននៅក្នុងកិច្ចប្រជុំខែធ្នូ។
ទាក់ទងនឹងប្រភពថវិកា គណៈកម្មការអឺរ៉ុបបានស្នើឱ្យប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកនៅអឺរ៉ុប ដើម្បីផ្តល់ជា «កម្ចីសំណង» ដល់អ៊ុយក្រែន។ ទោះជាយ៉ាងណា ប្រទេសបែលហ្ស៊ិក ដែលរក្សាទុកទ្រព្យសម្បត្តិភាគច្រើននៅក្រុមហ៊ុន Euroclear បានទាមទារឱ្យមានភាពរឹងមាំផ្នែកច្បាប់ និងការចែករំលែកហានិភ័យក្នុងចំណោមសមាជិក EU ជាមុនសិន។
លោក កូស្តា ក៏បានកត់សម្គាល់ពីភាពវិជ្ជមាននៃកិច្ចចរចាសន្តិភាពផងដែរ ដោយលើកឡើងថា កិច្ចប្រជុំនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអាទិត្យ រវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងតំណាងអឺរ៉ុប បានបង្ហាញពី «វឌ្ឍនភាពដ៏សំខាន់»។ លោកបានទទួលស្គាល់ថា នៅមានបញ្ហាខ្លះត្រូវដោះស្រាយ ប៉ុន្តែ «ទិសដៅគឺមានភាពវិជ្ជមាន»៕
