ចិនបង្កើនជម្លោះជាមួយជប៉ុន ដោយនាំយកបញ្ហាទៅអង្គការសហប្រជាជាតិ

ប៉េកាំង៖ ប្រទេសចិនបានបង្កើនជម្លោះរបស់ខ្លួនជាមួយប្រទេសជប៉ុន ដោយបាននាំយកបញ្ហានេះទៅអង្គការសហប្រជាជាតិ ខណៈរដ្ឋធានីប៉េកាំង ចោទប្រកាន់ រាជធានី តូក្យូពីបទ គំរាមកំហែង អន្តរាគមន៍ ប្រដាប់អាវុធ លើ កោះ តៃវ៉ាន់ ហើយសន្យាការពារខ្លួនយ៉ាងម៉ឺងម៉ាត់។
លោក Fu Cong ឯកអគ្គរដ្ឋទូត ចិន ប្រចាំ អង្គការសហប្រជាជាតិ បាន សរសេរ ក្នុង លិខិត មួយ ផ្ញើ ជូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អេនតូនីញ៉ូ ហ្គូតេរ៉ែស ថា នាយករដ្ឋមន្ត្រី ជប៉ុន លោកស្រី សាណា តាកៃឈី បានរំលោភ យ៉ាងធ្ងន់ធ្ងរ លើ ច្បាប់ អន្តរជាតិ និង បទដ្ឋាន ការទូត នៅពេល លោកស្រី និយាយ ថា ការវាយប្រហារ របស់ ចិន លើ កោះ តៃវ៉ាន់ អាច បង្ក ឱ្យ មាន ការឆ្លើយតប ខាង យោធា ពី រាជធានី តូក្យូ។
យោងតាម សេចក្តីថ្លែងការណ៍ ពី បេសកកម្ម អង្គការសហប្រជាជាតិ របស់ ចិន លោក Fu បានសរសេរថា៖”ប្រសិនបើ ជប៉ុន ហ៊ាន ប៉ុនប៉ង អន្តរាគមន៍ ប្រដាប់អាវុធ ក្នុង ស្ថានភាព ឆ្លង ច្រក សមុទ្ទ វា នឹង ក្លាយជា ទង្វើ ឈ្លានពាន។ ចិន នឹង អនុវត្ត សិទ្ធិ ការពារ ខ្លួន យ៉ាង ម៉ឺងម៉ាត់ ក្រោម ធម្មនុញ្ញ អង្គការសហប្រជាជាតិ និង ច្បាប់ អន្តរជាតិ ហើយ ការពារ យ៉ាង រឹងមាំ នូវ អធិបតេយ្យភាព និង បូរណភាព ទឹកដី របស់ខ្លួន”។
ទន្ទឹមនោះ លោក Fu បានទាមទារឱ្យប្រទេសជប៉ុនបញ្ឈប់ការញុះញង់ ហើយដកការកត់សម្គាល់ខុសឆ្គងរបស់ខ្លួន ដែលកំពុងប្រជែងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិនដោយបើកចំហ។ ដោយឡែក ក្រសួងការបរទេសជប៉ុនបាននិយាយថា ក្រសួងបានដឹងអំពីលិខិតរបស់លោក Fu ប៉ុន្តែក្រសួងបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះសន្តិភាពមិនមានការផ្លាស់ប្ដូរទេ ហើយបានច្រានចោលការអះអាងរបស់ចិន ថាមិនអាចទទួលយកបានទាំងស្រុង៕

