អ៊ីរ៉ង់ស្នើអារ៉ាប៊ីសាអូឌីតជួយបញ្ចុះបញ្ចូលអាមេរិក ដើម្បីឱ្យចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំងនោះឡើងវិញ

ឌូបៃ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រភពពីតំបន់ចំនួនពីរបានបង្ហើបឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានស្នើសុំឱ្យអារ៉ាប៊ីសាអូឌីត ជួយបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ដើម្បីឱ្យចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំងនោះឡើងវិញ។
ការស្នើសុំនេះ បានឆ្លុះបញ្ចាំងពីក្តីបារម្ភរបស់ទីក្រុងតេហេរ៉ង់ ចំពោះលទ្ធភាពនៃការវាយប្រហារតាមផ្លូវអាកាសសារជាថ្មីពីសំណាក់អ៊ីស្រាអែល និងវិបត្តិសេដ្ឋកិច្ចដែលកំពុងតែធ្ងន់ធ្ងរឡើង។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ ម៉ូហាម៉ាត់ ប៊ីន សាល់ម៉ាន (Mohammed bin Salman) ទៅកាន់សេតវិមានកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ពេហ្សិសគៀន (Masoud Pezeshkian) បានផ្ញើលិខិតមួយទៅកាន់មេដឹកនាំអារ៉ាប៊ីសាអូឌីតរូបនេះ។
នៅក្នុងលិខិតនោះ លោក ពេហ្សិសគៀន បានបញ្ជាក់ថា អ៊ីរ៉ង់ «មិនស្វែងរកការប្រឈមមុខដាក់គ្នាទេ» និងនៅតែ «បើកចំហចំពោះការដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូត ដរាបណាសិទ្ធិរបស់ខ្លួនត្រូវបានធានា»។
ប្រភពមួយមកពីតំបន់ឈូងសមុទ្របានឱ្យដឹងថា អ៊ីរ៉ង់កំពុងស្វែងរកច្រកដើម្បីបើកកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញ ហើយមេដឹកនាំអារ៉ាប៊ីសាអូឌីតក៏ពេញចិត្តនឹងដំណោះស្រាយដោយសន្តិវិធីដែរ ដោយបាននាំយកសារនេះទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ទ្រង់។
ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា «យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយឱ្យឈានដល់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់»៕

