សារព័ត៌មានអាមេរិក Axios៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងធ្វើការជាសម្ងាត់ក្នុងការបង្កើតផែនការថ្មីមួយដើម្បី បិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

បរទេស៖ សារព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ថារដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងធ្វើការជាសម្ងាត់ក្នុងការបង្កើតផែនការថ្មីមួយដើម្បី បិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្រោមការពិគ្រោះយោបល់ជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីអាមេរិក និងរុស្ស៉ី សារព័ត៌មានអាមេរិក Axios បានឱ្យដឹងថាផែនការថ្មីខាងលើគឺមាន២៨ចំណុច ដែលត្រូវបានជំរុញដោយផែនការសម្រាប់បទឈប់បាញ់ហ្កាហ្សារបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ជាមួយលក្ខណៈស្រដៀងគ្នានឹងផែនការហ្កាហ្សា ផែនការថ្មីដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន នឹងស្នើឱ្យមានសន្តិភាពនៅអ៊ុយក្រែន ការធានាសន្តិសុខ សន្តិសុខអឺរ៉ុប និងអនាគតនៃទំនាក់ទំនងរ បស់សហរដ្ឋអាមេរិកជាមួយរុស្ស៉ី និងអ៊ុយក្រែន។
តាម Axios បេសកជនពិសេសអាមេរិក លោក Steve Witkoff កំពុងដឹកនាំការបង្កើតផែនការថ្មីខាងលើ និងបានបើកកិច្ចពិភាក្សាជាមួយបេសកជនរុស្ស៉ី លោក Kirill Dmitriev។ បន្ថែមពីលើនេះ តាមរយៈការស្រង់សម្ដីពីមន្ត្រីអ៊ុយក្រែនម្នាក់ Axios បានបន្ថែមថាលោក Witkoff ក៏បានពិភាក្សាពីផែនការនេះជាមួយលោក Rustem Umerov ដែលជាទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីផងដែរ កាលពីដើមសប្ដាហ៍កន្លងទៅនេះក្នុងទីក្រុង Miami៕
