ឯកឧត្តម គិត ទ្រី៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ សម្រាប់ជីវភាពប្រចាំថ្ងៃ

រតនគិរី៖ ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលរតនគិរី និងជា សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១)
អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវលំក្រាលគ្រួសក្រហមចំនួន ២ខ្សែរងការខូចខាត នៅភូមិណងហៃ និងស្ពានឈើ១កន្លែង ដែលមានសភាពទ្រុឌទ្រោមខ្លាំង ស្ថិតនៅភូមិពម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
ផ្លូវ និងស្ពាន ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ហើយបច្ចុប្បន្នជាផលវិបាកសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ ។
ក្នុងឱកាសនេះ ឯកឧត្តម គិត ទ្រី បានជំរុញឲ្យក្រុមការងារ និងមន្ទីរពាក់ព័ន្ធ ធ្វើយ៉ាងណាជួសជុលផ្លូវ ២ខ្សែនិងស្ពាន ដែលរងការខូចខាតនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ប្រកបរបរផ្សេងៗ និងការដឹកជញ្ជូនភោគផលដំណាំទៅកាន់ទីផ្សារ។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ សម្រាប់ជីវភាពប្រចាំថ្ងៃ៕

