កូឡុំប៊ី បញ្ជាឱ្យកងកម្លាំងសន្តិសុខសាធារណៈ ផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយ៊អាមេរិក រហូតទាល់តែទីក្រុងវ៉ាស៉ីនតោន ឈប់វាយប្រហារលើទូកនានានៅក្នុងតំបន់ Caribbean

បូហ្គោតា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានចេញបញ្ជាឱ្យកងកម្លាំងសន្តិសុខសាធារណៈនៃប្រទេសរបស់លោក ផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយសហរដ្ឋអាមេរិក រហូតទាល់តែទីក្រុងវ៉ាស៉ីនតោន ឈប់វាយប្រហារលើទូកនានានៅក្នុងតំបន់ Caribbean។
ដោយសំដៅទៅកិច្ចសហការបង្រ្កាបការជួញដូរគ្រឿងញៀន រវាងកូឡុំប៊ី និងសហរដ្ឋអាមេរិក លោក Petro បានគូសបញ្ជាក់តាមបណ្តាញសង្គម X យ៉ាងដូច្នេះថា «ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ត្រូវតែផ្អែកលើសិទ្ធិប្រជាជន Caribbean»។
យ៉ាងហោចណាស់មនុស្ស ៧៥នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយោធាអាមេរិក ទៅលើទូកដែលសង្ស័យដឹកគ្រឿងញៀនក្នុងដែនទឹកអន្តរជាតិ គិតចាប់តាំងពីខែសីហាមក៕
