ករណីបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សយ៉ាងហោចណាស់១២ នាក់ នៅខាងក្រៅអគារតុលាការមួយក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ

អ៊ីស្លាម៉ាបាដ៖ នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងធ្វើឱ្យ ២៧ នាក់ផ្សេងទៀតរងរបួស នៅខាងក្រៅអគារតុលាការមួយក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថាហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីករណីស្រដៀងគ្នាមួយទៀតបានសម្លាប់មនុស្សបីនាក់នៅភាគពាយព្យនៃប្រទេស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក ម៉ូសិន ណាក់វី (Mohsin Naqvi) បានបញ្ជាក់ថា ជនបំផ្ទុះគ្រាប់បែកនៅតុលាការ បានព្យាយាមដើរចូលទៅក្នុងអគារ ប៉ុន្តែបានបំផ្ទុះគ្រឿងផ្ទុះរបស់ខ្លួននៅខាងក្រៅ ជិតរថយន្តនគរបាលមួយគ្រឿង បន្ទាប់ពីរង់ចាំនៅទីនោះអស់រយៈពេល ១០ ទៅ ១៥នាទី។
គួរបញ្ជាក់ថា ក្នុងករណីទីពីរ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះរថយន្តរបស់ខ្លួននៅច្រកចូលសាលាយោធាមួយនៅភាគពាយព្យ កាលពីយប់ថ្ងៃច័ន្ទ ហើយក្រុមសកម្ធប្រយុទ្ធមួយចំនួនទៀតបានសម្រុកចូលទៅខាងក្នុង៕
