ប្រធានាធិបតីអ៊ុយក្រែន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងជួរមុខ ខឺសុន ដែលជាទីក្រុងមួយស្ថិតនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីទីតាំងកងទ័ពរុស្ស៊ី

កៀវ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងជួរមុខ ខឺសុន (Kherson) ដែលជាទីក្រុងមួយស្ថិតនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីទីតាំងកងទ័ពរុស្ស៊ី និងកំពុងប្រឈមនឹងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ព្រមទាំងការវាយប្រហារដោយដ្រូន។
លោក ហ្សេលេនស្គី បានបង្ហោះរូបថតរបស់លោកនៅច្រកចូលទីក្រុង និងបានបង្ហោះវីដេអូដែលលោកកំពុងថ្លែងសុន្ទរកថា ដើម្បីរំឭកខួប៣ឆ្នាំ នៃការដកទ័ពរបស់រុស្ស៊ីចេញពីទីក្រុងខឺសុនក្នុងឆ្នាំ២០២២។
លោកបានមានប្រសាសន៍ក្នុងសុន្ទរកថានោះយ៉ាងដូច្នេះថា «យើងកំពុងត្រៀមការសម្រេចចិត្តផ្សេងៗ ដែលនឹងជួយពង្រឹងទីក្រុងខឺសុន»។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានបញ្ជាក់ផងដែរថា លោកនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះ ជាមួយមន្ត្រីមូលដ្ឋាន និងតំណាងយោធា ដើម្បីពិភាក្សាអំពីការការពារទីក្រុង ដែលកំពុងជួបបញ្ហាជាមួយនឹងការគំរាមកំហែងពីរុស្ស៊ី៕
