គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាព ម្តាយបង្កើតរបស់លោកជំទាវ ឈរ ណារី ត្រាំអ៊ីវតឹក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាមេត្តាវិសុទ្ធិវង្សសិរីវឌ្ឍនា អគ្គព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈរ គឹមហុង ត្រូវជាម្តាយបង្កើតរបស់លោកជំទាវ ឈរ ណារី ត្រាំអ៊ីវតឹក ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦:៣៤នាទី ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវ ពុំ ចន្ទីនី បានប្រគល់ជូនលោកជំទាវ ឈរ ណារី ត្រាំអ៊ីវតឹក និងក្រុមគ្រួសារ នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា “មរណភាពរបស់ មហាមេត្តាវិសុទ្ធិវង្សសិរីវឌ្ឍនា អគ្គព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈរ គឹមហុង គឺជាការបាត់បង់ម្តាយបង្កើត ជីដូន និងជាសាសនិកជនគំរូមួយរូប ដែលមានព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃនៅក្នុងគ្រួសារ ដែលកន្លងមកបានខិតខំតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ឱវាទអប់រំដល់កូន ចៅ ឱ្យមានអនាគតរុងរឿង ក្លាយជាបញ្ញវន្ត ជាឥស្សរជន ដែលជាធនធានមនុស្សដ៏ សំខាន់របស់សង្គមជាតិ។ លើសពីនេះទៅទៀត មហាមេត្តាវិសុទ្ធិវង្សសិរីវឌ្ឍនា អគ្គព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈរ គឹមហុង តែងតែបានចូលរួមចំណែកធនធាន កសាងសមិទ្ធផលនានា ទ្រទ្រង់នៅក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ ប្រកបដោយទឹកចិត្តសប្បុរសធម៌ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ”។
ក្នុងវេលាដ៏សោកសង្រេងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាមេត្តាវិសុទ្ធិវង្សសិរីវឌ្ឍនា អគ្គព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈរ គឹមហុង សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

