អាមេរិកចោទប្រកាន់លើអ៉ីរ៉ង់ថា បានព្យាយាមធ្វើឃាតឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំប្រទេសម៉ិកស៉ិក

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា សហរដ្ឋអាមេរិកបានចោទប្រកាន់លើអ៉ីរ៉ង់ថា បានព្យាយាមធ្វើឃាតឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំប្រទេសម៉ិកស៉ិក ប៉ុន្តែទីក្រុងតេហេរ៉ង់ បានច្រានចោលការចោទប្រកាន់នេះថា ជារឿងភូតកុហកដ៏ធំ ហើយរដ្ឋាភិបាលម៉ិកស៉ិក និយាយថា ខ្លួនមិនបានដឹងអំពីករណីនេះទេ។
មន្រ្តីទីក្រុងវ៉ាស៉ីនតោន បានអះអាងថា កងកម្លាំងពិសេស Quds Force របស់អ៉ីរ៉ង់ បានផ្តើមគម្រោងធ្វើឃាតខាងលើ កាលពីចុង ឆ្នាំ២០២៤ បន្ទាប់ពីអ៉ីស្រាអែល កាលពីខែមេសា ឆ្នាំដដែលនោះ បានវាយប្រហារលើស្ថានទូតអ៉ីរ៉ង់នៅទីក្រុងដាម៉ាសនៃប្រទេសស៉ីរី សម្លាប់មន្រ្តីជាន់ខ្ពស់ប៉ុន្មានរូបនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ប៉ុន្តែវាត្រូវបានទប់ស្កាត់ក្នុងឆ្នាំនេះ។
បើតាមអ៉ីស្រាអែល អាជ្ញាធរម៉ិកស៉ិក បានធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ការប៉ុនប៉ងធ្វើឃាត ឯកអគ្គរដ្ឋទូតរបស់ខ្លួន គឺលោកស្រី Einat Kranz-Neiger។ ប៉ុន្តែក្រោយមក ក្រសួងការបរទេសម៉ិកស៉ិក បានចេញមុខនិយាយថា ខ្លួនពុំបានទទួលព័ត៌មានអ្វី ស្តីពីឧប្បត្តិហេតុ ដែលត្រូវបានអះអាងនេះឡើយ។ ដោយឡែក ស្ថានទូតអ៉ីរ៉ង់ប្រចាំម៉ិកស៉ិក បានច្រានចោលការចោទប្រកាន់ថា ជារឿងភូតកុហកដ៏ធំមួយ៕

