ឥណ្ឌូណេស៉ី អាចនឹងទិញយន្តហោះយោធាដឹកជញ្ជូន A400M របស់ក្រុមហ៊ុន Airbus ចំនួន៤គ្រឿងបន្ថែមទៀត

ហ្សាការតា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ប្រទេសរបស់លោក អាចនឹងទិញយន្តហោះយោធាដឹកជញ្ជូន A400M របស់ក្រុមហ៊ុន Airbus ចំនួន៤គ្រឿងបន្ថែមទៀត។
លោក Prabowo បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯមូលដ្ឋានទ័ពអាកាសមួយកន្លែង ក្នុងរដ្ឋធានីហ្សាការតា ជាទីដែលយន្តហោះ A400M ១គ្រឿងដំបូង ក្នុងចំណោម២គ្រឿង ដែលក្រសួងការពារជាតិឥណ្ឌូណេស៉ី បញ្ជាទិញកន្លងមកនោះ ត្រូវបានយកមកដល់។
លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានលើកឡើងយ៉ាងដូច្នេះថា «យើងប្រហែលអាចចរចាកិច្ចព្រមព្រៀង សម្រាប់ ៤គ្រឿងបន្ថែមទៀត» ប៉ុន្តែលោកមិនបានផ្តល់ពេលវេលាជាក់លាក់ទេ។
គួរបញ្ជាក់ថា ក្រោមកិច្ចសន្យាកាលពីឆ្នាំ២០២១ ឥណ្ឌូណេស៉ី រំពឹងថានឹងទទួលបានយន្តហោះ A400M ទី២របស់ខ្លួន នៅអំឡុង ឆ្នាំ២០២៦។ លោក Prabowo ដែលជាអតីតឧត្តមសេនីយ៍ និងធ្លាប់ធ្វើជារដ្ឋមន្រ្តីការពារជាតិ មុនជាប់ឆ្នោតជាប្រធានាធិបតីកាលពី ឆ្នាំមុន បានប្តេជ្ញានឹងធ្វើទំនើបកម្មសម្ភារចាស់ៗរបស់យោធាឥណ្ឌូណេស៉ី៕

