អ៊ុយក្រែនវាយប្រហារយន្តហោះដ្រូន លើហេដ្ឋារចនាសម្ព័ន្ធស្ថានីយប្រេង នៅកំពង់ផែTuapse ដ៏សំខាន់របស់រុស្ស៉ីនៅសមុទ្រខ្មៅរងការខូចខាត

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន បានធ្វើឱ្យនាវាបរទេសយ៉ាងហោចណាស់ពីរគ្រឿង និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយប្រេង នៅកំពង់ផែTuapse ដ៏សំខាន់របស់រុស្ស៉ីនៅសមុទ្រខ្មៅ រងការខូចខាតនៅថ្ងៃអាទិត្យនេះ។
ការវាយប្រហារនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងកៀវ ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីធ្វើឱ្យសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៉ីចុះខ្សោយ។
អាជ្ញាធររុស្ស៉ីបានបញ្ជាក់ថា នាវាបរទេសចំនួនពីរគ្រឿងបានរងការខូចខាត ហើយអគ្គិភ័យបានឆាបឆេះឡើង ប៉ុន្តែក្រោយមកត្រូវបានពន្លត់វិញ។
មន្ត្រីម្នាក់មកពីសេវាសន្តិសុខក្នុងស្រុក SBU របស់អ៊ុយក្រែន បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនពិតជាបានវាយប្រហារស្ថានីយប្រេង Tuapse ពិតប្រាកដមែន ដោយដ្រូនចំនួន ៥គ្រឿងបានវាយប្រហារលើនាវាដឹកប្រេងមួយគ្រឿង ហេដ្ឋារចនាសម្ព័ន្ធផ្ទុកទំនិញ និងអគារនៅក្បែរនោះ។
គួរបញ្ជាក់ថា កំពង់ផែ Tuapse គឺជាស្ថានីយប្រេងដ៏ធំបំផុតមួយនៅសមុទ្រខ្មៅ និងជាទីតាំងនៃរោងចក្រចម្រាញ់ប្រេងដែលគ្រប់គ្រងដោយក្រុមហ៊ុន Rosneft ដែលអ៊ុយក្រែនធ្លាប់បានវាយប្រហារជាច្រើនលើកមកហើយក្នុងឆ្នាំនេះ៕
