អាជ្ញាធរខេត្តតាកែវ ជំរុញ និងណែនាំដល់រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្ត ឱ្យបន្តពង្រឹងយន្តការច្រកចេញចូលតែមួយឲ្យបានល្អប្រសើរ

តាកែវ៖ លោក លី សាវេត អភិបាលរងខេត្តតាកែវ ដែលទទួលបន្ទុកការងារច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត បានធ្វើការជំរុញ និងណែនាំដល់រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្ត ឱ្យបន្តពង្រឹងយន្តការច្រកចេញចូលតែមួយ ឲ្យបានល្អប្រសើរ។ ពិសេសជាងនេះទៅទៀត ចំពោះឃុំ-សង្កាត់ណាដែលមិនទាន់មាន ត្រូវតែរៀបចំឲ្យមានការិយាល័យច្រកចេញចូលតែមួយទាំងអស់គ្នា ដើម្បីលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការជំរុញនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រឡងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តឆ្នើមឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកប្រធានច្រកចេញចូលតែមួយរដ្ឋបាលខេត្ត មន្ត្រីសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត រួមនិងមេឃុំ ចៅសង្កាត់ ស្មៀនឃុំ ទូទាំងខេត្តតាកែវផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក លី សាវេត បានសង្កត់ធ្ងន់ថា ការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ឃុំ-សង្កាត់ គឺជាកត្តាគន្លឹះមួយដ៏សំខាន់ សម្រាប់អនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។ ដូច្នេះ អាជ្ញាធរឃុំ-សង្កាត់ទាំងអស់ ត្រូវតែយកចិត្តទុកដាក់រៀបចំការិយាល័យនេះឱ្យបានពេញលេញ និងដំណើរការប្រកបដោយប្រសិទ្ធភាព ដោយផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងឆាប់រហ័ស ស្របតាមស្មារតីនៃកំណែទម្រង់រដ្ឋបាលសាធារណៈ។ នេះជាការចាំបាច់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់ទំនុកចិត្តរបស់ពួកគាត់ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក អភិបាលរងខេត្ត ក៏បានបន្ថែមទៀតថា ការរៀបចំឱ្យមានច្រកចេញចូលតែមួយគ្រប់ឃុំ-សង្កាត់ គឺមិនត្រឹមតែជួយសម្រួលដល់ការងាររបស់មន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជា ចំណុចប្រមូលផ្តុំសេវារដ្ឋបាលសំខាន់ៗ នៅកន្លែងតែមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋចំណេញពេលវេលា កាត់បន្ថយការចំណាយ និងទប់ស្កាត់បាននូវអំពើអសកម្មផ្សេងៗ ក្នុងការស្នើសុំសេវាសាធារណៈ។
លោក អភិបាលរងខេត្ត បានបន្តថាគោលបំណងចម្បងនៃការបង្កើតនូវយន្តការនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។ដូច្នេះនៅតាមរដ្ឋបាលឃុំទាំងអស់ត្រូវតែពិនិត្យឡើងវិញ ហើយរៀបចំឲ្យមានការរិយាល័យច្រកចេញចូលតែមួយ ដោយមានមន្រ្តីប្រចាំការ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ រងចាំផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ជាមួយគ្នានោះក៏ត្រូវរៀបចំអនាម័យ បរិស្ថានជុំវិញសាលាឃុំឲ្យបានស្អាតល្អផងដែរ៕

