បេសកជនអាមេរិកជួបជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ក្នុងគោលបំណងជំរុញឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាស វិលត្រឡប់មកអនុវត្តផែនការឈប់បាញ់ឡើងវិញ បន្ទាប់ពីការផ្ទុះអំពើហិង្សាកាលពីចុងសប្តាហ៍

ហ្ស៊េរុយសាឡិម៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters បេសកជនសហរដ្ឋអាមេរិកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងជំរុញឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាស វិលត្រឡប់មកអនុវត្តផែនការឈប់បាញ់ឡើងវិញ បន្ទាប់ពីការផ្ទុះអំពើហិង្សាកាលពីចុងសប្តាហ៍ ដែលបានគំរាមកំហែងដល់បទឈប់បាញ់ដែលចូលជាធរមានបានមួយសប្តាហ៍។
ថ្វីបើមានការប៉ះទង្គិចគ្នា ដែលក្នុងនោះការវាយប្រហាររបស់សកម្មជនប៉ាឡេស្ទីនបានសម្លាប់ទាហានអ៉ីស្រាអែលពីរនាក់ និងការទម្លាក់គ្រាប់បែកសងសឹកពីអ៉ីស្រាអែលដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់នៅហ្កាហ្សា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះបទឈប់បាញ់។ លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា បទឈប់បាញ់នៅតែមានសុពលភាព។
បេសកជនអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងលោក ចារ៉េដ ឃូសនឺរ (Jared Kushner) ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានការពង្រឹងបទឈប់បាញ់ មុននឹងចាប់ផ្តើមការពិភាក្សាលើដំណាក់កាលបន្ទាប់ដែលកាន់តែលំបាកនៃផែនការសន្តិភាព។ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ាន់ (JD Vance) ក៏គ្រោងនឹងមកបំពេញទស្សនកិច្ចនៅអ៉ីស្រាអែលនៅថ្ងៃអង្គារនេះផងដែរ។
គួរបញ្ជាក់ថា អំពើហិង្សានៅតែបន្តកើតមានឡើងកាលពីថ្ងៃចន្ទ ដោយកាំភ្លើងធំរបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់ទៀត នៅជិត «ខ្សែបន្ទាត់ពណ៌លឿង» ដែលជាខ្សែបន្ទាត់កំណត់ការដកថយរបស់យោធាអ៉ីស្រាអែល៕
