សម្ដេចតេជោ៖ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិ និងជារបៀបក្រុមនិយមជ្រុលហួសហេតុ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុ។
តាមរយៈសំណេរលើបណ្ដាញសង្គមនៅយប់ថ្ងៃទី២០ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែនបានលើកឡើងយ៉ាងដូច្នេះថា” ខ្ញុំទើបបានមើលវីដេអូមានរយៈពេលជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។
ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោកKO1តែម្តង។ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុ។ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩ភាគរយទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។
ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោល
ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើKo1មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដូចKo1បានធ្វើដែលមានក្នុងវីដេអូនេះ។បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុីប្រសើរជាងដុតឬកំទេចចោល។
ខ្ញុំសូមឲ្យKo1បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌និង
ភាពថ្លៃថ្នូររបស់ជាតិ”៕

