សម្ដេចធិបតី៖ ផ្លូវអាកាសជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាច់លើវិស័យទេសចរណ៍ ការទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ផ្លូវអាកាសជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាច់លើវិស័យទេសចរណ៍ ការទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន ខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះអាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើននៅជុំវិញពិភពលោក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្នកម្ពុជាបានចុះកិច្ចព្រមព្រៀងហោះហើរត្រង់ជាមួយបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ខណៈទៅថ្ងៃអនាគតកម្ពុជានឹងទទួលបានជើងហោះហើរត្រង់ពីបណ្ដាប្រទេសជាច្រើនទៀត តាមរយៈអាកាសយានដ្ឋានអន្តរជាតិថ្មីនាពេលនេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់4Fនេះ ត្រូវបានចែកចេញជា៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ១៥លាននាក់ក្នុង១ឆ្នាំ។ ខណៈសម្ដេចរំពឹងថា ការសាងសង់ដំណាក់កាលទី២៖ ពីឆ្នាំ២០៣០ដល់ឆ្នាំ២០៥០ អាចទទួលអ្នកដំណើរ៣០លាននាក់ក្នុង១ឆ្នាំហើយការសាងសង់ដំណាក់កាលទី២ នឹងធ្វើឡើងដោយកូនខ្មែរ១០០%៕

