សម្តេចតេជោ៖ សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ «ព្រះបរមរតនកោដ្ឋ» ដែលបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា

ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាថ្ងៃខួប ១៣ឆ្នាំ នៃការយាងសោយព្រះទីវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» បានបញ្ជាក់ពីគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា។
តាមរយៈសារដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “ថ្ងៃនេះគឺជាខួប ១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយាងសោយព្រះទីវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ។
សូមលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”៕
