លោក ដូណាល់ ត្រាំ ធ្វើដំណើរដល់ប្រទេសអ៉ីស្រាអែល បន្ទាប់ពីរូបលោក បានជួយសម្របសម្រួល នូវការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស ក្នុងសង្រ្គាមហ្កាហ្សា

ហ៊្សេរុយសាឡិម៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសអ៉ីស្រាអែល បន្ទាប់ពីរូបលោក បានជួយសម្របសម្រួល នូវការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស ក្នុងសង្រ្គាមហ្កាហ្សា កាលពីប៉ុន្មានថ្ងៃមុន។
ការមកដល់របស់លោក ត្រាំ ត្រូវបានទទួលស្វាគមន៍ដោយផ្ទាល់ពីសំណាក់ ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog និងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu នៅឯព្រលានយន្តហោះ។
អំឡុងទស្សនកិច្ចនេះ លោក ត្រាំ ត្រូវបានរំពឹងថា នឹងជួបជាមួយគ្រួសារចំណាប់ខ្មាំងអ៉ីស្រាអែល ព្រមទាំងថ្លែងសារនៅសភាអ៉ីស្រាអែល។ បន្ទាប់មក លោកប្រធានាធិបតីអាមេរិក នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលនៅឯប្រទេសអេហ្ស៉ីប ស្តីពីសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ជាមួយមេដឹកនាំអន្តរជាតិសរុបជាង២០រូបផ្សេងទៀត។
គួរបញ្ជាក់ថា នាថ្ងៃចន្ទនេះ អ៉ីស្រាអែលនិងក្រុមហាម៉ាស បានចាប់ផ្តើមការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលនៅសល់ និងអ្នកទោសប៉ាឡេស្ទីនជាប់ឃុំ ដែលវាជាការអនុវត្តដំណាក់កាលដំបូង នៃផែនការសន្តិភាពដើម្បីឆ្ពោះទៅបញ្ចប់ សង្រ្គាមនៅហ្កាហ្សា ដែលបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣៕

