អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីអប់រំអំពីគ្រាប់មីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអប់រំអំពីគ្រាប់មីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តាមរយៈការលេងកីឡា នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
កម្មវិធីនេះពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយសំណល់សង្គ្រាម ព្រមទាំងជួយលើកទឹកចិត្ត និងផ្តល់ចំណេះដឹងដល់សហគមន៍នៅមូលដ្ឋាន។
ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណដល់ព្រះមង្គលសត្ថា កង ណាម៉ានី ព្រះចៅអធិការវត្តសំពៅមាស ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងក្រុមការងារ នៃ អាជ្ញាធរមីនកម្ពុជា ក្លឹបបាល់ទាត់ភ្នំពេញក្រោន មជ្ឈមណ្ឌល NPMEC អង្គការស្មារតី នៃអ្នកកីឡា អង្គការ Halo Trust និងសប្បុរសជនទាំងអស់ ដែលបានចំណាយពេលវេលា និងធនធានដ៏មានតម្លៃ ដើម្បីរួមគ្នារៀបចំកម្មវិធី អប់រំអំពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តាមរយៈការលេងកីឡានេះឡើង៕

