ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រសួងអប់រំ ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្រោមគម្រោងផ្តល់ផលប៉ះរហ័សចំនួនពីរ

ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលជាអ្នកតំណាងក្រសួងការបរទេសឥណ្ឌា និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្រោមគម្រោងផ្តល់ផលប៉ះរហ័សចំនួនពីរ។
អនុស្សរណៈយោគយល់ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ស្ថិតក្រោមវត្តមានរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។
គម្រោងទី១៖ ជាគម្រោងផ្តល់ប្រព័ន្ធទឹកក្នុងសាលារៀនដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក្នុងខេត្តពោធិ៍សាត់។ គម្រោងនេះនឹងដំឡើងប្រព័ន្ធទឹកប្រើថាមពលពន្លឺព្រះអាទិត្យនៅក្នុងសាលាបឋមសិក្សាចំនួន៥ ដោយធានាបានសុវត្ថិភាព និងអាចទុកចិត្តបានក្នុងការប្រើប្រាស់ទឹកស្អាត ដែលជាផ្នែកមួយ នៃការលើកកម្ពស់ការអនុវត្តអនាម័យ និងធន់នឹងអាកាសធាតុ។
គម្រោងទី២៖ ជាគម្រោងអភិវឌ្ឍន៍សាលារៀនគំរូស្តង់ដារក្នុងខេត្តកំពង់ចាម ដែលនឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន អនាម័យ និងពង្រឹងសមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀនឱ្យប្រែក្លាយសាលារៀន ទៅជាបរិយាកាសសិក្សាគំរូ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ រដ្ឋាភិបាលឥណ្ឌា បានផ្តល់គម្រោងផ្តល់ផលរហសចំនួន៦៩ទូទាំងប្រទេសកម្ពុជា ក្នុងវិស័យជាច្រើន ក្នុងនោះមានដូចជា៖ វិស័យរអប់រំ បច្ចេកវិទ្យាព័ត៌មាន កសិកម្ម សុខភាព អនាម័យ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងបរិស្ថាន។ក្នុងចំនោមនោះ គម្រោងចំនួន៨ ត្រូវបានអនុវត្តន៍ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សិស្សានុសិស្ស និងគ្រូបង្រៀនកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះបញ្ជាក់នូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំ របស់ឥណ្ឌាចំពោះអាទិភាព នៃការអភិវឌ្ឍន៍របស់កម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដែលចាក់ឫសយ៉ាងជ្រៅរវាងប្រជាជាតិទាំងពីរ៕

