ឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រាប់មេដឹកនាំក្នុងកិច្ចប្រជុំមហាសន្និបាត UN ថា ថៃជាអ្នកបាញ់មុននៅអានសេះ ហើយទាហានកម្ពុជា មិនបានបាញ់តបនោះទេ គឺរក្សាភាពអត់ធ្មត់ ដោយប្តេជ្ញាចិត្តយ៉ាងមុះមត់ចំពោះសន្តិភាព

ញូវយ៉ក, អាមេរិក៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់មេដឹកនាំនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃ បានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅតំបន់អានសេះ ខេត្តព្រះវិហារ ប៉ុន្តែកងទ័ពកម្ពុជា មិនបានបាញ់តបនោះទេ គឺរក្សាភាពអត់ធ្មត់ ដោយប្តេជ្ញាចិត្តយ៉ាងមុះមត់ចំពោះសន្តិភាព។
ការបញ្ជាក់បែបនេះរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសឧបនាយករដ្ឋមន្ត្រី បានឡើងថ្លែងសុន្ទរកថាក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «រួមគា្នដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀតដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស»។
ឯកឧត្ដមឧនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អរគុណណាស់ចំពោះបទឈប់បាញ់ តាមយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជន ស្លូតត្រង់បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ក្លាយជាជនភៀសសឹក។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈ និងតម្លាភាពពេញលេញក្នុងការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ និងរក្សាភាពអត់ធ្មត់ជាទីបំផុតចំពោះមុខការបង្ករឿង និងការរំលោភបំពានម្តងហើយម្តងទៀត។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ មានការវាយប្រហារមួយកន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើបមួយ ដោយចោទប្រកាន់ថា កងកម្លាំងរបស់កម្ពុជាបានបើក ការបាញ់ប្រហារមុន។ កងទ័ពកម្ពុជាមិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេ ដើម្បីបញ្ជាក់ ពីការប្តេជ្ញាចិត្តដ៏មោះមុតចំពោះសន្តិភាព»។
ជាមួយគ្នានេះដែរ ឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា ទោះជាយ៉ាងនេះក្តី បទឈប់បាញ់នៅមានភាពផុយស្រួយ ទោះបីជាមានការប្តេជ្ញាចិត្តពីប្រទេសទាំង ពីរក្នុងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ ដើម្បីកសាងទំនុកចិត្ត និងស្តារស្ថានភាពដូចដើមឡើងវិញក៏ដោយ។ ជាការសំខាន់បំផុតដែលការគោរពលើពាក្យពេចន៍ និងស្មារតីនៃកិច្ចព្រមព្រៀង ត្រូវតែស្របគ្នាជាមួយនឹងការអនុវត្តជាក់ស្តែង។ គួរឱ្យសោកស្តាយការបន្តសកម្មភាពឯកតោភាគី ដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា ដោយប្រើកងកម្លាំងជំនួសឱ្យយន្តការដែលបានព្រមព្រៀងគ្នា ផែនទីឯកតោភាគីជំនួសឱ្យផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិស្របតាមសន្ធិសញ្ញាដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរ និងសកម្មភាពរាប់មិនអស់ដែលបំផ្លាញដល់កិច្ច ខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងសន្តិភាព៕

