អភិបាលខេត្តកំពង់ធំ សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន សូមបញ្ឈប់ការសាងសង់លំនៅដ្ឋានតាមដងស្ទឹង និងបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលក្នុងទឹកស្ទឹងសែន

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន សូមបញ្ឈប់ការសាងសង់លំនៅដ្ឋានតាមដងស្ទឹងសែន និងបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលក្នុងទឹកស្ទឹងសែន ដែលបណ្ដាលឱ្យខូចគុណភាពទឹក និងប៉ះពាល់ដល់វិស័យទេសចរណ៍។ នេះបើយោងតាមហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ។
ប្រសាសន៍នេះត្រូវបានឯកឧត្តមលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែប្រវែង ១.៣១៥ម៉ែត្រ និងទទឹង៦ម៉ែត្រ ស្ថិតនៅក្នុងភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥៕

