សម្ដេចធិបតី អរគុណរដ្ឋបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធដែលរៀបចំរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណរដ្ឋបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរៀបចំរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
តាមរយៈបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ សម្ដេចធិបតី បានជូនពរដល់ លោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ទទួលបានសុខសុវត្ថិភាព និងរីករាយក្នុងការធ្វើដំណើរ តាមរយៈសេវារថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។
សម្ដេចបានបញ្ជាក់ថា នេះជាការចូលរួមចំណែកតូចមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានខ្លះ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ ដើម្បីជាទុនសម្រាប់យកទៅធ្វើបុណ្យទាន និងជួបជុំញាតិសន្តាននៅស្រុកកំណើត។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរៀបចំការដឹកជញ្ជូននេះបានល្អប្រសើរ ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕

