មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តត្រពាំងតាមាន់

កំពង់ស្ពឺ៖លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមគ្រួសាររសាច់ញាតិបងប្អូន រួមជាមួយក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ និងចូលរួមឧបត្ថម្ភបច្ច័យដើម្បីកសាងសាលាឆាន់ នៅវត្តត្រពាំងតាមាន់ ស្ថិតក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាឱកាសចូលរួមកាន់បិណ្ឌវេនទី៧ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូនមានសទ្ធាជ្រះថ្លាបរិច្ចាគទេយ្យទានវេរប្រគេនព្រះសង្ឃសម្រាប់ឧបត្ថម្ភក្នុងការកសាងនូវសាលាឆ័នក្នុង វត្តត្រពាំងតាមាន់ ជាបច្ច័យចំនួនថ ៣៦,៨៨៣,០០០រៀល និងបច្ច័យជាប្រាក់ដុល្លាចំនួន ៦០០ដុល្លារ ព្រមទាំងគ្រឿងឧបភោគបរិភោគមានអង្ករចំនួន ៥បេ, ទឹកដោះគោចំនួន ១កេស, ត្រីខចំនួន ១កេស, ហ្វេសស៊ីទឹកឃ្មុំចំនួន ១កេស, ទឹកផ្លែឈើចំនួន ៤កេស, ទឹកបរិសុទ្ធចំនួន ៤កេស, មីសួរចំនួន ១ដុំធំ, មីខ្លាឃ្មុំចំនួន ៤កេស, ទឹកត្រីចំនួន ៥យួរ, ទឹកស៊ីអុីវចំនួន ៥យួរ, ផ្លែឈើចំនួន ៣កន្រ្តក និងបានជូនបច្ច័យដល់តាជី ដូនជី ចំនួន៣៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល ថែមទៀតផងដែរ។
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន បានអញ្ជើញរាប់បាត្រ បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ និងបានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពពលីលើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានពលីមរណក្នុងរយៈកាលកន្លងមក៕

