លោក ពូទីន កំពុងតែដុតបញ្ឆេះកម្តៅ នៃសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន

កៀវ៖ ទីក្រុងកៀវ នាថ្ងៃពុធ ទី១០ ខែកញ្ញានេះ បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងតែដុះបញ្ឆេះកម្តៅ នៃសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយកំពុងធ្វើតេស្តលោកខាងលិច បន្ទាប់ពីយន្តហោះដ្រូនមួយចំនួន ដែលបំពានចូលដែនអាកាសរបស់ប្រទេសប៉ូឡូញ ត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បានបង្ហោះសារលើប្រព័ន្ធ X យ៉ាងដូច្នេះថា «យន្តហោះដ្រូនរុស្ស៉ី ហោះបំពានចូលប៉ូឡូញ អំឡុងការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន បង្ហាញឱ្យឃើញថា លោក ពូទីន កាន់តែហ៊ានខ្លាំងឡើងៗ ដោយសារតែរូបលោក មិនត្រូវបានដាក់ទោសឱ្យត្រឹមត្រូវ សម្រាប់បទឧក្រិដ្ឋមុនៗ។
លោក ពូទីន កំពុងបន្តដុតបញ្ឆេះកម្តៅ និងពង្រីកសង្រ្គាមរបស់ខ្លួន ហើយកំពុងតែស្ទាបស្ទង់ក្រុមលោកខាងលិច។ ដរាបណា លោក ពូទីន មិនទទួលរងការឆ្លើយតបធ្ងន់ៗទេនោះ មេដឹកនាំរុស្ស៉ីរូបនេះ នឹងកាន់តែគឃ្លើនខ្លាំងទៅៗ។ ការឆ្លើយតបទន់ខ្សោយនាពេលនេះ នឹងមានតែលើកទឹកចិត្តរុស្ស៉ីថែមទៀត ហើយមីស៉ីលនិងដ្រូនរបស់រុស្ស៉ី មុខជានឹងហោះចូលអឺរ៉ុបកាន់តែឆ្ងាយ»។
គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ដូចខាងលើ គឺបន្ទាប់ពីប៉ូឡូញបានចល័តយន្តហោះចម្បាំង រួមជាមួយយន្តហោះរបស់សម្ព័ន្ធមិត្ត បាញ់ទម្លាក់នូវអ្វីដែលខ្លួនហៅថា វត្ថុគ្រោះថ្នាក់បំពានចូលដែនអាកាសរបស់ប្រទេសអឺរ៉ុបមួយនេះ។ ការបំពានចូលនោះ គឺស្របពេល រុស្ស៉ីបានបាញ់ស្រោចមីស៉ីលនិងដ្រូន លើតំបន់ផ្សេងៗរបស់អ៊ុយក្រែន រួមទាំងទីក្រុង Lviv នៅភាគខាងលិច មានចម្ងាយប្រហែលត្រឹមតែ ៨០គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំប្រទល់ប៉ូឡូញ៕

