ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមកិច្ចប្រជុំចរចាកម្ចីហិរញ្ញប្បទានពីអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សម្រាប់គម្រោង CAISAR ដើម្បីអភិវឌ្ឍន៍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក និងឧតុនិយម

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញ ដឹកនាំក្រុមការងារ PMU-MOWRAM ចូលរួមក្នុងកិច្ចប្រជុំចរចាកម្ចីហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សម្រាប់គម្រោង CAISAR Project ដើម្បីអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ក្រោមធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមគ្រប់ភាគី ជាពិសេសអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង NCDD ក្រសួងមហាផ្ទៃ នៅសាលប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា លទ្ធផលកិច្ចប្រជុំចរចាកម្ចីហិរញ្ញប្បទានបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ប្រកបដោយបរិយាកាសយោគយល់គ្នាខ្ពស់បំផុត។ ភាគីទាំងពីរបានកែសម្រួលលើលក្ខខណ្ឌមួយចំនួន ហើយកម្ពុជាគោរពតាមនិយាម និងលក្ខខណ្ឌរបស់ដៃគូអភិវឌ្ឍន៍ ជាពិសេស គឺការដោះស្រាយផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន។
ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា មានការឯកភាពគ្នាលើកំណត់ត្រាប្រជុំ (Meeting Minute) ដែលចុះហត្ថលេខាដោយឯកឧត្ដមប្រធានអង្គប្រជុំ និងរង់ចាំការចុះហត្ថលេខាលើឯកសារកម្ចីហិរញ្ញប្បទានជាផ្លូវការ នាពេលដ៏ខ្លីខាងមុខ ដើម្បីឈានដល់ការអនុវត្តគម្រោង៕

