ពន្ធរបស់សហរដ្ឋអាម៉េរិកលើទំនិញរបស់ជប៉ុន រួមទាំងរថយន្ត និងគ្រឿងបន្លាស់រថយន្ត នឹងត្រូវកាត់បន្ថយចាប់ពីថ្ងៃទី១៦ ខែកញ្ញាតទៅ

តូក្យូ៖ នៅថ្ងៃអង្គារទី៩ ខែកញ្ញានេះ អ្នកចរចាពន្ធរបស់ជប៉ុន លោក រីយ៉ូស៊ី អាកាហ្សាវ៉ា (Ryosei Akazawa) បានរៀបរាប់នៅក្នុងសារបង្ហោះលើបណ្តាញសង្គម X ថា ពន្ធរបស់សហរដ្ឋអាម៉េរិកលើទំនិញរបស់ជប៉ុន រួមទាំងរថយន្ត និងគ្រឿងបន្លាស់រថយន្ត នឹងត្រូវកាត់បន្ថយចាប់ពីថ្ងៃទី១៦ ខែកញ្ញាតទៅ។
ដោយលើកឡើងពីឯកសារចុះបញ្ជីសហព័ន្ធរបស់សហរដ្ឋអាម៉េរិក ចុះថ្ងៃទី៩ ខែកញ្ញា ដែលបានធ្វើឱ្យជាផ្លូវការនូវបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាម៉េរិក-ជប៉ុន លោក អាកាហ្សាវ៉ា បាននិយាយថា អត្រាពន្ធដែលបានកែសម្រួលលើទំនិញជប៉ុននឹងចូលជាធរមានក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការបោះពុម្ពផ្សាយ។
ការចុះហត្ថលេខារបស់លោក ត្រាំ កាលពីសប្តាហ៍មុនបានជម្រះភាពមិនប្រាកដប្រជា ជុំវិញពេលដែលសហរដ្ឋអាម៉េរិកនឹងអនុវត្តពន្ធទាប១៥ ភាគរយលើរថយន្តជប៉ុន ច្រើនជាងមួយខែបន្ទាប់ពីប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងក្នុងខែកក្កដា៕
