រដ្ឋាភិបាលនេប៉ាល់ ដកបម្រាមលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមវិញ បន្ទាប់ពីប៉ូលិសបង្ក្រាបការតវ៉ាតាមដងផ្លូវ បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១៩នាក់

កដ្ឋមណ្ឌូ៖ នៅថ្ងៃអង្គារទី៩កញ្ញានេះ រដ្ឋាភិបាលនេប៉ាល់ បានដកបម្រាមរបស់ខ្លួនលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមវិញ មួយថ្ងៃបន្ទាប់ពីប៉ូលិសបានបង្ក្រាបការតវ៉ាតាមដងផ្លូវ បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១៩នាក់។
រដ្ឋាភិបាលបានបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយធំៗដូចជា ហ្វេសប៊ុក យូធូប និង X សម្រាប់ការមិនគោរពតាមតម្រូវការថ្មីរបស់រដ្ឋាភិបាល។ ការតវ៉ានេះ ត្រូវបានចូលរួមដោយមនុស្សរាប់ម៉ឺននាក់ ដែលមានការស្រែកតវ៉ាប្រឆាំងនឹងការហាមប្រាម និងអំពើពុករលួយ ក្នុងនោះ ភាគច្រើនជាមនុស្សវ័យក្មេងជំនាន់ Gen Z។
ជាការឆ្លើយតបទៅនឹងអំពើហិង្សា រដ្ឋបាល ខណ្ឌ បាន ចេញ បម្រាម គោចរ មិន កំណត់ពេល ក្នុង រដ្ឋធានី និងទីក្រុងពីរផ្សេងទៀត ខណៈសាលារៀន ត្រូវបានបិទទ្វារ។ អ្នក របួស ជា ច្រើន នាក់ រង របួស ធ្ងន់ ដោយភាគច្រើនត្រូវរបួសគ្រាប់កាំភ្លើងនៅត្រង់ក្បាល និងទ្រូង។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ខាត់ហ្គា ប្រាសាដ អូលី បានប្រកាសថា លោកកំពុងបង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយ ដើម្បីប្រមូលរបាយការណ៍ក្នុងរយៈពេល១៥ថ្ងៃ ហើយសំណងនឹងត្រូវបានផ្តល់ឱ្យសម្រាប់អ្នកដែលបាត់បង់ជីវិត និងផ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នករបួស។
អំពើហិង្សាបានកើតឡើងនៅពេលដែលរដ្ឋាភិបាលនៃប្រទេសនេប៉ាល់ព្យាយាមគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ផែនការនេះ បានរងការរិះគន់យ៉ាងចាស់ដៃថា ជាឧបករណ៍សម្រាប់ត្រួតពិនិត្យ និងដាក់ទណ្ឌកម្មគូប្រជែងរដ្ឋាភិបាល ដែលបញ្ចេញសំឡេងតវ៉ារបស់ពួកគេតាមអ៊ីនធឺណិត។
ច្បាប់ថ្មីនេះ ក៏រួមបញ្ចូលទាំងការស្នើសុំឱ្យក្រុមហ៊ុនតែងតាំងការិយាល័យទំនាក់ទំនង ឬចំណុចទំនាក់ទំនងនៅក្នុងប្រទេស។ ក្រុមសិទ្ធិមនុស្សបានហៅវាថា ជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិជាមូលដ្ឋាន។
ប្រទេសនេប៉ាល់ ធ្លាប់បានហាមឃាត់កម្មវិធីទិកតុក ក្នុងឆ្នាំ២០២៣ សម្រាប់ការរំខានដល់សុខុមាលភាពសង្គម ប៉ុន្តែបានលុបចោលបម្រាមនេះចេញវិញ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុនបានសន្យាថា នឹងអនុវត្តតាមច្បាប់ក្នុងស្រុក៕

