តុលាការប្រជាជនរដ្ឋធានីហាណូយ បើកសវនាការកាត់ក្ដីអតីតអនុប្រធានការិយាល័យរដ្ឋសភា លោក ផាម ថៃហា ក្នុងសំណុំរឿងពុករលួយ

បរទេស៖ កាលពីថ្ងៃចន្ទទី៨ ខែកញ្ញា តុលាការប្រជាជនរដ្ឋធានីហាណូយ បានបើកសវនាការចំពោះការកាត់ក្ដីអតីតអនុប្រធានការិយាល័យរដ្ឋសភា លោក ផាម ថៃហា (Pham Thai Ha) និងសហចុងចោទចំនួន២៨នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយដ៏ធំមួយជាប្រព័ន្ធ ទាក់ទងនឹងក្រុមហ៊ុនធួនអានគ្រុប (Thuan An Group)។
ការចោទប្រកាន់រួមមាន៖ ការរំលោភលើបទប្បញ្ញត្តិដេញថ្លៃ បណ្ដាលឱ្យមានផលវិបាកធ្ងន់ធ្ងរ, ការរំលោភបំពានមុខតំណែង និងអំណាចក្នុងពេលបំពេញកាតព្វកិច្ច, និងការរំលោភបំពានអំណាច ដើម្បីជះឥទ្ធិពលដល់អ្នកដទៃដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងចំណោមជនជាប់ចោទ២៧នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភលើបទប្បញ្ញត្តិដេញថ្លៃបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ តាមមាត្រា២២២ ប្រការ៣ នៃក្រមព្រហ្មទណ្ឌ ដោយមានមេដឹកនាំ៥នាក់នៃក្រុមហ៊ុន Thuan An Group រួមទាំង លោក ង្វៀន ឌុយហ៊ុង (Nguyen Duy Hung) អតីតប្រធានក្រុមប្រឹក្សាភិបាល និងលោក ត្រាន អាញ់ ក្វាង (Tran Anh Quang) អតីតអគ្គនាយក។ ចុងចោទផ្សេងទៀត គឺជាអតីតមន្ត្រីមកពីក្រុមប្រឹក្សាគ្រប់គ្រងគម្រោងនៃអតីតខេត្តបាក់យ៉ាង (Bac Giang) ខេត្តទៀងគ័ន (Tuyen Quang) ខេត្តគ័ងនិញ (Quang Ninh) និងរដ្ឋធានីហាណូយ ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត។
លោក លី អូពេជ្រ (Le O Pich) អតីតអនុប្រធានគណៈកម្មាធិការប្រជាជននៃខេត្តបាក់់យ៉ាង (Bac Giang) និងជាអតីតប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបានចោទប្រកាន់ពីបទបំពានតួនាទី និងអំណាចក្នុងពេលបំពេញកាតព្វកិច្ច។
លោក ផាម ថៃហា (Pham Thai Ha) អតីតអនុប្រធានការិយាល័យរដ្ឋសភា ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច ដើម្បីមានឥទ្ធិពលលើអ្នកដទៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
យោងតាមការចោទប្រកាន់ លោក ហ៊ុង បានប្រើឥទ្ធិពលរបស់លោកដើម្បីធានាកិច្ចសន្យាសម្រាប់ក្រុមហ៊ុនធួនអានគ្រុប នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងអតីតខេត្តបាក់យ៉ាង, ទៀងគ័ង, គ័ងនិញ, រដ្ឋធានីហាណូយ។ គួររបញ្ជាក់ថា ប្រព័ន្ធនៃសំណុំអំពើពុករលួយនេះ បានបណ្ដាលឱ្យបាត់បង់ទ្រព្យសម្បត្តិរដ្ឋជាង ១២០ពាន់លានដុង ឬស្មើ៤,៥៩លានដុល្លារអាម៉េរិក៕

