លោក ដូណាល់ ត្រាំ ព្រមានលើកចុងក្រោយទៅកាន់ក្រុមហាម៉ាស ទទួលយកកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា

វ៉ាស៊ីនតោន៖ កាលពីថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសារព្រមានលើកចុងក្រោយទៅកាន់ក្រុមហាម៉ាស ជាមួយការជំរុញឱ្យចលនាប៉ាឡេស្ទីន មួយនេះទទួលយកកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់ខ្ញុំ។ ឥលូវ វាជាពេលដែលហាម៉ាសត្រូវទទួលយកដែរ។ ខ្ញុំបានព្រមានហាម៉ាសពីផលវិបាក ប្រសិនបើពួកគេមិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះ។ នេះជាការព្រមានលើកចុងក្រោយរបស់ខ្ញុំ»។
ក្រោយការព្រមានរបស់លោក ត្រាំ ក្រុមហាម៉ាសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថាខ្លួនទទួលបានគំនិតមួយចំនួនពីភាគីសហរដ្ឋអាមេរិកតាមរយៈក្រុមអ្នកសម្របសម្រួលដើម្បីឈានដល់ កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា។
ហាម៉ាសក៏បានបញ្ជាក់ដែរថាពួកគេបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាជុំវិញការដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរទៅនឹងការបិទបញ្ចប់ សង្រ្គាម និងការដកកងទ័ពទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សា៕

