អ្នកភូមិកោះចំរើន មានស្ពានបេតុងឆ្លងងាយស្រួលធ្វើដំណើរហើយ!

ភ្នំពេញ៖ លោកអ្នកប្រហែលជានៅចាំ សោកនាដកម្មលិចទូកសម្លាប់សិស្ស១១នាក់ កាលពីឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ទីនោះ ពេលនេះមានស្ពានបេតុងឆ្លងលែងបារម្ភរឿងលិចទូក ហើយក៏ងាយស្រួលធ្វើដំណើរផងដែរ។
សមិទ្ធផលស្ពាននេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ តែក៏អាចរាប់ជាសមិទ្ធផល ដែលកើតមានក្រោយគ្រោះអកុសលកាលពីឆ្នាំ២០២២ផងដែរ។
កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅកន្លែងនេះ បានកើតមានហេតុកាណ៍ដ៏តក់ស្លុត និងរន្ធត់ចិត្តជាខ្លាំង។ សិស្សតូចៗពេលឆ្លងទូកត្រឡប់ពីសាលារៀន ទៅកាន់ផ្ទះសម្បែងរបស់ពួកគេនោះ ក៏ជួបគ្រោះលិចទូក ហើយបណ្តាលឱ្យសិស្សជាកូនៗជាទីស្រឡាញ់ក្នុងគ្រួសារចំនួន១១នាក់ បានស្លាប់បាត់បង់ជីវិត។
ការស្លាប់របស់ពួកគេ បានបន្សល់នូវវិប្បដិសារី និងការសោកស្តាយយ៉ាងក្រៃលែង។ ការស្លាប់របស់ពួកគេ ក៏បានក្លាយទៅជាមហាកម្លាំងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការសាងសង់ស្ពាន ហើយលេចចេញជារូបរាងនាពេលនេះ៕

