ក្រុមទាហានពិសេសរបស់យោធាអាមេរិក បានសម្លាប់ជនស៉ីវិលមួយចំនួននៅកូរ៉េខាងជើង អំឡុងបេសកកម្មសម្ងាត់មួយ ដែលទទួលបរាជ័យ ក្នុងគោលដៅលួចបង្កប់ឧបករណ៍ស្តាប់សំឡេង

វ៉ាស៉ីនតោន៖ សារព័ត៌មានអាមេរិក New York Times កាលពីថ្ងៃសុក្រ ទី៥ ខែកញ្ញា បានរាយការណ៍ថា កាលពីឆ្នាំ២០១៩ ក្រុមទាហានពិសេស Navy SEAL របស់យោធាអាមេរិក បានសម្លាប់ជនស៉ីវិលមួយចំនួននៅប្រទេសកូរ៉េខាងជើង អំឡុងបេសកកម្មសម្ងាត់មួយ ដែលទទួលបរាជ័យ ក្នុងគោលដៅលួចបង្កប់ឧបករណ៍ស្តាប់សំឡេង។
យោងតាមប្រភពខ្លួនទទួលបាន រួមមានទាំងអតីតមន្រ្តីយោធាអាមេរិក និងមន្រ្តីយោធាបច្ចុប្បន្ន New York Times បាននិយាយថា លោក ដូណាល់ ត្រាំ ដែលពេលនោះជាប្រធានាធិបតី បានផ្តល់ការយល់ព្រមចំពោះប្រតិបត្តិការពិសេសខាងលើ ស្របពេលដែល លោកព្យាយាមចរចាដោយផ្ទាល់ជាមួយមេដឹកនាំកំពូលខាងជើង លោក គីម ជុងអ៊ុន ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ដោយមិនបានបញ្ជាក់ច្បាស់អំពីតួលេខជនរងគ្រោះ New York Times បានឱ្យដឹងថា ជនស៉ីវិលកូរ៉េខាងជើងទាំងនោះ ហាក់កំពុងនាំគ្នាធ្វើសកម្មភាពនេសាទ នៅពេលដែលពួកគេ បានជួបប្រទះជាមួយក្រុម Navy SEAL អាមេរិក ដែលលបចូលមកឆ្នេរសមុទ្រទាំងកណ្តាលយប់។ ពេលនោះ ក្រុមទាហានអាមេរិក ក៏បានបើកការបាញ់ប្រហារ ហើយសម្លាប់មនុស្សទាំងអស់ ដែលស្ថិតនៅលើទូកនេសាទតូចមួយ។
គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ខាងលើ លោក ត្រាំ ដែលបានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥នេះ បានឆ្លើយថា លោកមិនបានដឹងអ្វីឡើយ ដោយទើបតែលឺជាលើកដំបូងប៉ុណ្ណោះ។ រីឯមន្ទីរបញ្ចកោណ ក៏មិនទាន់ឆ្លើយតបចំពោះសំណើសុំឱ្យផ្តល់ការអត្ថាធិប្បាយ ជុំវិញសេចក្តីរាយការណ៍នេះដែរ៕

