ឯកឧត្តម ប៊ុន ហុន អញ្ជើញប្រកាស ចូលកាន់មុខតំណែងអភិបាលរងខេត្ត២រូប និងនាយករដ្ឋបាលខេត្តកំពង់ចាម

ភ្នំពេញ៖ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញប្រកាស ចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ចាម២រូប និងនាយករដ្ឋបាលខេត្តកំពង់ចាម។
ពិធីនេះមានការចូលរួមពីលោក លោកស្រី មន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម សរុបប្រមាណ ៤៥៨នាក់។
ពិធីប្រកាសចូលកាន់មុខតំណែងខាងលើគឺ លោក ឃន ប្រុស ពីមុនជានាយករដ្ឋបាលសាលាខេត្តកំពង់ចាម ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាម និងលោក ចាន់ រ៉ាន់ ផ្ទេរភារកិច្ចពីអភិបាលរងខេត្តព្រៃវែង ចូលកាន់តំណែងជា អភិបាលរងខេត្តកំពង់ចាមដោយឡែកលោក ជា សិលា ជានាយករងរដ្ឋបាល ត្រូវបានប្រកាសចូលកាន់តំណែង ជានាយករដ្ឋបាលខេត្តកំពង់ចាម។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើអភិបាលរងខេត្តទាំងពីររូប និងលោកនាយករដ្ឋបាលខេត្តកំពង់ចាម ដែលទើបនឹងទទួលការតែងតាំងថ្មី សូមខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច និងបទពិសោធន៍ការងារ របស់ខ្លួន ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ខេត្តកំពង់ចាម ឲ្យកាន់តែមានភាពរីកចម្រើន នឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕

