កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគីទី២ ថៃ នឹងធ្វើឡើងនៅថ្ងៃស្អែក

ភ្នំពេញ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគីទី២ របស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ។ នេះបើយោងតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។
ថ្លែងនៅក្នុងឱកាសបន្តសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៦ ខែសីហានេះ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៧នាទី នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការដ្ឋានរបស់យោធភូមិភាគទី៤កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការដ្ឋានយោធភូមិភាគទី២ ថៃ ដឹកនាំដោយវរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។
អ្នកនាំពាក្យបញ្ជាក់ថា “ភាគីទាំងពីរបានពិភាក្សាលើការផ្លាស់ប្តូរកំណត់ហេតុទៅវិញទៅមក និងត្រួតពិនិត្យការប្រុងប្រៀបរៀបចំទីតាំងសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះផងដែរ”។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបន្តថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នឹងដំណើរការកិច្ចប្រជុំតាមកម្មវិធីដែលបានឯកភាពគ្នា៕
