រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ ជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ យុន

សេអ៊ូល៖ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ យុន (Cho Hyun) កាលពីថ្ងៃសុក្រទី២២ ខែសីហា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបានពិភាក្សាអំពីការចែករំលែកបន្ទុក និងពាណិជ្ជកម្មដោយស្មើភាព នៅមុនកិច្ចប្រជុំកំពូលដែលបានគ្រោងទុករវាងមេដឹកនាំប្រទេសទាំងពីរ។
លោក រូប៊ីអូ និងលោក ឆូ បានពិភាក្សាគ្នាអំពីវិធីដើម្បីជំរុញសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ផ្តោតលើរបៀបវារៈឆ្ពោះទៅមុខដែលបង្កើនការរារាំងឥទ្ធិពលចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បង្កើនការចែករំលែកបន្ទុករួម ជួយធ្វើឱ្យផលិតកម្មអាម៉េរិករស់រវើកឡើងវិញ និងស្ដារឡើងវិញនូវភាពយុត្តិធម៌ក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ នេះបើយោងតាមអ្នកនាំពាក្យរងរបស់ក្រសួងការបរទេសអាម៉េរិកលោក ថមមី ភីហ្គោត (Tommy Pigott)។
គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង នឹងជួបប្រជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃចន្ទទី២៥ ខែសីហា៕
