សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-វៀតណាមដែលបានកសាងឡើងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក បានផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ទំនាក់ទំនងកម្ពុជា-វៀតណាមដែលបានកសាងឡើងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក បាន ផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិ ភាពស្ថិរភាពការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់។
សម្តេចតេជោ បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាកិត្តិយសក្នុង ពិធីអបអរសាទរខួបលើកទី៨០ឆ្នាំ (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥) ទិវាឯករាជ្យជាតិរបស់វៀតណាម ដែលរៀបចំឡើង ដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ។
សម្តេចតេជោថ្លែងថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះ ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងវៀតណាម ដែលបាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិតដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
សម្ដេចបន្តថា កម្ពុជានិងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ ១៩៦៧។ ចាប់តាំង ពីការភ្ជាប់ទំនាក់ទំនងជាផ្លូវការមក ប្រជាជនកម្ពុជា និងប្រជាជនវៀតណាមរក្សាបានទំនាក់ទំនងមិត្តភាពកក់ក្តៅ និងភាពជាដៃគូដ៏ល្អប្រសើរ។ ប្រពៃណីនេះត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាល វៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន។
សម្តេចតេជោបានគូសរំលេចថា ស្របពេលទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ប្រទេសទាំងពីរនៅតែចងចាំជានិច្ចនូវការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងអតីតកាល គឺក្នុងគ្រាប្រជាជនកម្ពុជាបានលះបង់និងគាំទ្រវៀតណាមក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យរបស់វៀតណាម និងការលះបង់របស់កងទ័ពស្ម័គ្រចិត្តនិងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំ និងជួយរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការ វិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងជួយកម្ពុជាកសាងប្រទេសឡើងវិញ។នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានបង្ហាញសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាមមានការ រីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់។នៅឆ្នាំ២០២៤ វៀតណាមគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជាដោយមានទំហំពាណិជ្ជកម្មទ្វេភាគីជាង១០ពាន់លាន ដុល្លារអាមេរិក និងមានការកើនឡើងជាង ១៨ភាគរយ ធៀបនឹងឆ្នាំ២០២៣។
សម្តេចតេជោបន្តថា ស្របតាមនិន្នាការកំណើនជាលំដាប់នេះប្រទេសទាំងពីរក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅ ២០ពាន់លាន ដុល្លារ អាមេរិកនាពេលខាងមុខ។ វៀតណាមឈរនៅលំដាប់ទី៥ នៃការ វិនិយោគបរទេសនៅកម្ពុជាហើយលំដាប់ទី២ (បន្ទាប់ពីប្រទេសសិង្ហបុរី) ក្នុងចំណោមប្រទេសសមាជិក អាស៊ាន។ ចំនួនទេសចរវៀតណាមមកកម្ពុជា បានកើនឡើងជិត៣២ភាគរយឈរនៅលំដាប់ទី២។ មកដល់ពេលនេះ កម្ពុជា និងវៀតណាម មានជើងហោះហើរត្រង់សរុប ១០០ជើង ក្នុងមួយសប្ដាហ៍ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចំនួន២ និងកម្ពុជាចំនួន២៕

