ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជេីញសួរសុខទុក្ខ ត្រួតពិនិត្យសកម្មភាពការងារថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងប្រតិភូអមដំណើរតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានឡើងអានរបាយការណ៍ស្វាគមន៍ ជូនគណ:អធិបតី ស្តីពី លក្ខណ:ភូមិសាស្រ្តនិងការងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ដេីម្បីរាយការណ៍ជូនគណ:អធិបតីជ្រាប ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍និងបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខដោយក្តីនឹករលឹកពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន មានប្រសាសន៍កោតសរសើរដល់លោកស្នងការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការនគរបាលខេត្តមណ្ឌលគិរីទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អប្រសេីរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិបានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖ ត្រូវលើកកម្ពស់ស្មារតីសាមគ្គីភាព គោរពវិន័យរបស់កម្លាំងនគរបាលជាតិ និងមានមនសិការនិងវិជ្ជាជីវ: អ្នកមានស្នាដៃត្រូវមានការលើកទឹកចិត្តតែងតាំងនិងជូនរង្វាន់ អ្នកធ្វើខុសវិន័យត្រូវព្រមាននិងដាក់វិន័យត្រូវ បង្កើននិងការយកចិត្តទុកដាក់បង្រ្កាបនូវបទល្មើសគ្រប់ប្រភេទ ត្រូវប្តេជ្ញាការពារយ៉ាងមុះមុតការពារបូរណ:ភាពទឹកដីអធិបតេយ្យភាពជាតិនិងការពាររាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបង្កើននូវការយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ត្រូវប្រមូលផ្តុំកងកម្លាំងដើម្បីទ្រទ្រង់នៅសភាពការណ៍ ដែលបានកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវធ្វើការត្រួតពិនិត្យនិងតាមដានប្រជាជនដែលបានវិលចូលមកពីប្រទេសថៃ វិញ ត្រូវត្រួតពិនិត្យអោយបានច្បាស់លាស់នៅការឆ្លងដែនរបស់ជនបរទេស ត្រូវបង្កើននិងយកចិត្តទុកដាក់អនុវត្តនៅគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិ ត្រូវមានការសាមគ្គីភាពគ្នាឱ្យបានល្អបំផុត ។
ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកថវិកា និងអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីផងដែរ ។

