ឯកឧត្តម សុខ លូ នាំយកអំណោយសប្បុរសជនប្រគល់ជូនកងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូអង្គភាពជុំវិញខេត្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជននានាដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ កំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងរួមមាន ស្រុកសំឡូត, ស្រុកកំរៀង, ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ពកម្ពុជាពុំឱ្យមានការខ្វះខាតនោះឡើយ។
ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះគឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង។
ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់សប្បុរសជនសូមបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតទៅតាមលទ្ធភាព៕

