អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបានជូនដំណឹងត្រឹមត្រូវទៅថៃ អំពីការទម្លាក់កម្រិតទំនាក់ទំនងនៅត្រឹមលេខាការទូតទី២ ខុសពីថៃដែលមិនបានជូនដំណឹងដល់កម្ពុជាឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ជុំ សុន្ទរី បានថ្លែងថា កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីតបតចំពោះថៃ ធ្វើមកលើកម្ពុជានោះឡើយ ដោយកម្ពុជាបានជូនដំណឹងត្រឹមត្រូវទៅថៃ អំពីការទម្លាក់កម្រិតទំនាក់ទំនងនៅត្រឹមលេខាការទូតទី២ ខុសពីថៃ ដែលមិនបានជូនដំណឹងកម្ពុជាឡើយ។
នៅក្នុងសន្និសីទសារព័ត៌មានជុំវិញហេតុការណ៍ផ្ទុះអាវុធ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ខណៈថៃជាអ្នកបើកការបាញ់ប្រហារឈ្លានពានមុនមកលើកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជុំ សុន្ទរី បានបញ្ជាក់ថា “ការប្រព្រឹត្តការអនុវត្តរបស់រដ្ឋាភិបាលថៃ ក្នុងការទម្លាក់កម្រិតទំនាក់ទំនងទាំងពីរនេះ ក៏មិនបានធ្វើឲ្យបានសមស្របទៅតាមទម្លាប់អនុវត្តជាអន្តរជាតិ ដែលមានកំណត់នៅក្នុងសន្ធិសញ្ញាទីក្រុងវ្យែន ស្តីពីទំនាក់ទំនងការទូត។ ពោលគឺរដ្ឋាភិបាលថៃ បានធ្វើការប្រកាសជាសាធារណៈអំពីការទម្លាក់កម្រិតទំនាក់ទំនងការទូតនេះ ក៏ប៉ុន្តែពុំបានជូនព័ត៌មានជាផ្លូវការតាមរយៈកំណត់ទូតមកក្រសួងការបរទេស […] គោលដៅដែលគាត់ធ្វើក៏មិនមានអង្គហេតុ និងអង្គច្បាប់ ហើយរបៀបអនុវត្តក៏មិនស្របតាមគោលការណ៍អន្តរជាតិដែរ”។
ឯកឧត្ដមបន្តថា ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចទំនាក់ទំនងកម្រិតការទូតរវាងប្រទេសទាំងពីរ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ […] យើងពុំមានជម្រើសអ្វីក្រៅពីឆ្លើយតបនូវអ្វីដែលរដ្ឋាភិបាលថៃបានប្រព្រឹត្តចំពោះយើងឡើយ ក៏ប៉ុន្តែយើងបានជូនព័ត៌មាន ដែលត្រឹមត្រូវតាមរយៈកំណត់ទូតរបស់ក្រសួងការបរទេស ទៅកាន់ភាគីថៃ៕
