សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ មានការប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយអង្គការសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច រំលោភបំពានលើស្ត្រី និងកុមារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ មានការប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយអង្គការសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច រំលោភបំពានលើស្ត្រី និងកុមារ ក៏ដូចជាលើកកម្ពស់ស្ត្រី។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដានេះ សម្ដេចធិបតី បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ ដែលបានជួយជ្រោមជ្រែងដល់អង្គការមូលនិធិកុមារកម្ពុជា ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។ ប្រសិនគ្មានការជួយជ្រោមជ្រែងទាំងនេះទេ, ពិតណាស់អង្គការមូលនិធិកុមារកម្ពុជា ក៏នឹងមិនអាចសម្រេចបាននូវសមិទ្ធផលជាទីមោទនៈនោះទេ។
សម្តេចបានប្រកាសប្តេជ្ញាចិត្តដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាព ប្រជាពលរដ្ឋ, ជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។
ជាមួយគ្នានេះសម្តេចធិបតី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា៕

