ឯកឧត្តម ហ៊ឺ វីរៈ ចុះពិនិត្យស្នាក់ការគណបក្សឃុំអូរឫស្សី និងធ្វើសកម្មភាពការងារសប្បុរសធម៌ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច អមដំណើរដោយក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សឃុំអូរឫស្សី បានអញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់សាលប្រជុំ នៅស្នាក់ការគណបក្សឃុំអូឬស្សី ស្ថិតនៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអូរឬស្សី និងគណៈកម្មាធិការគណបក្សឃុំ ដែលបានសហការគ្នា អំពាវនាវរកមូលនិធិ ដេីម្បីទ្រទ្រង់ក្នុងការសាងសង់ស្នាក់ការ និងសម្រេចបានចេញជាសមិទ្ធផលមួយនេះ សម្រាប់ប្រេីប្រាស់តាមតម្រូវការរបស់គណៈកម្មាធិការគណបក្សឃុំ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានចូលរួមចំណែកឧបត្ថម្ភថវិកាក្នុងការសាងសង់ចំនួន ៤,០០០,០០០រៀល។
បន្ទាប់ពីនោះមក ឯកឧត្តមបណ្ឌិត បានអញ្ជើញជួបពិភាក្សាជាមួយព្រះចៅអធិការវត្តច័ន្ទសូរិយា ស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីជួបពិភាក្សាអំពីការប្រារព្ធពិធីបុណ្យចូលព្រះវស្សា ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។ បន្ថែមទៀតនោះ ឯកឧត្តមបណ្ឌិត បានទូលប្រគេនព្រះតេជគុណ អំពីគម្រោងបង្កើតមជ្ឈមណ្ឌលមើលថែចាស់ជរា ស្ថិតនៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច។ សម្រាប់សាសនិកឥស្លាមវិញ ក៏បើកសិទ្ធិឱ្យមានការប្រតិបត្តិកិច្ចការសាសនារៀងៗខ្លួនដោយមិនមានការហាមប្រាមឡើយ។
បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត អមដំណើរដោយក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងគណៈកម្មាធិការគណបក្សឃុំឈូកស បានអញ្ជើញសួរសុខទុក្ខគ្រួសារ ដែលមានជីវភាពខ្វះខាត និងមានផ្ទះចាស់ទ្រុឌទ្រោម ដែលត្រូវការប្រក់ដំបូលថ្មី ស្ថិតនៅភូមិជ្រលងកៃស្នារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដោយមើលឃើញពីការលំបាករបស់គ្រួសារលោកស្រី ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភស័ង្កសីចំនួន ១៧សន្លឹក ព្រមទាំងថវិកាមួយចំនួន និងបានឱ្យរដ្ឋបាលភូមិ-ឃុំ កៀគរកម្លាំងប្រក់ដំបូលថ្មី ដើម្បីជួយសម្រាលទុក្ខលំបាកជូនគ្រួសារលោកស្រី។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត អមដំណើរដោយក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច គណៈកម្មាធិការគណបក្សឃុំកំពង់ត្រឡាច និងឃុំច្រេស បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទើបមកពីប្រទេសថៃចំនួន ៥នាក់។ ឯកឧត្ដមបណ្ឌិត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រញាប់ប្រញាល់ស្វែងរកការងារក្នុងស្រុករបស់យើង ពីព្រោះជាពិសេសឱកាសការងារក្នុងស្រុកកំពង់ត្រឡាចមានច្រើនកន្លែងតាមបណ្ដារោងចក្រកាត់ដេរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋទាំង ៥នាក់នោះ៕

