ឯកឧត្តម នាក់ សើគីរីន ចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់ឧត្តមមន្ត្រីច្បាប់ អាស៊ាន ស្តីពីសន្ធិសញ្ញាបត្យាប័នអាស៊ាន (ASLOM WG on AET) តាមប្រព័ន្ធវីដេអូ

ភ្នំពេញ÷នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត និងរសៀលថ្ងៃសុក្រ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់ឧត្តមមន្ត្រីច្បាប់អាស៊ានស្តីពីសន្ធិសញ្ញាបត្យាប័នអាស៊ាន (ASLOM WG on AET) នៅថ្ងៃទី៣-៤ ខែកក្កដា ឆ្នាំ២០២៥ តាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យពិភាក្សាបន្តលើសេចក្តីព្រាងសន្ធិសញ្ញាស្តីពីបត្យាប័នអាស៊ាន ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌, លោក គឺ ខេមលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន, លោក ហុក ច័ន្ទសុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងលោក លាត ឡាយ ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការផ្នែកក្នុងវិស័យព្រហ្មទណ្ឌ ព្រមទាំងមន្ត្រីនៅក្នុងនាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាននៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌។

