សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែលបានខិតខំកសាងច្រកអន្តរជាតិម៉ឺនជ័យ ហើយតាមរយៈច្រកអន្តរជាតិនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះដូរទំនិញរវាង កម្ពុជា-វៀតណាម

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែលបានខិតខំកសាងច្រកអន្តរជាតិនេះឡើង ហើយតាមរយៈច្រកអន្តរជាតិម៉ឺនជ័យនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផលិតកសិផល កសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ។
សម្ដេចតេជោ បានលើកឡើងបែបនេះនាឱកាសដែលសម្ដេចជួបសំណេះសំណាលជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដានេះ។
សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែននេះឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
សូមជម្រាបថា ខេត្តព្រៃវែងគ្រោងរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរខេត្តតៃនីញ អំពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណា ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ច្រទ្វារនេះមានទំហំផ្ទៃដីសរុបចំនួន ៨៩,៥៧៧ ម៉ែត្រការេ ដោយបានដោះស្រាយផលប៉ះពាល់ជូនអ្នកពាក់ព័ន្ធបានរួចរាល់នៅឆ្នាំ២០២០ និងបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖ អគារបំពេញបែបបទចេញ-ចូលបណ្តោះអាសន្នចំនួន០១ខ្នង ទំហំ៤៥x៧,៣ម៉ែត្រ ស្មើរនឹង០៦បន្ទប់ សាងសង់ក្នុងឆ្នាំ២០១៩។ ខ្លោងទ្វាររូបប្រាសាទអង្គរវត្តចំនួន០១ ប្រវែង២២,៤ម៉ែត្រ កម្ពស់១៧ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០២០។ អគារបំពេញបែបបទចេញ-ចូលជាសំណង់រឹងមាំ ចំនួន០២ខ្នង ដោយមួយខ្នងមានទំហំ៤៤x១៥ម៉ែត្រ ស្មើរ នឹង ១៤បន្ទប់ សាងសង់នៅឆ្នាំ២០២០៕

